
Galaxy S9 និង S9+ នឹងបន្តមានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយដូចជា Galaxy S8 និង S8+ ដដែល។ ការចេញផ្សាយខាងលើបានលេចចេញឡើង ក្រោយគេប៉ាន់ស្មានថា Samsung បានធ្វើការសម្រេចចុងក្រោយលើលក្ខណៈសម្បត្តិ Hardware របស់ Galaxy S9 រួចហើយ ដោយការផលិតសាកល្បងបានចាប់ផ្ដើមតាំងពីខែតុលាមកម្ល៉េះ។ ការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅខែធ្នូ។
កន្លងមកក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះតែងមានបំណងចង់បំពាក់ទ្រនាប់ស្កេនម្រាមដៃក្រោមផ្ទៃអេក្រង់លើស្មាតហ្វូនកំពូលៗរបស់ខ្លួន ប៉ុន្តែមិនបានជោគជ័យព្រោះផលវិបាកលើផ្នែកបច្ចេកទេស។ ការសម្រេចចិត្តមិនប្រើបច្ចេកវិទ្យានេះនៅលើ Galaxy S9 មិនមានន័យថា Samsung បោះចោលបច្ចេកវិទ្យានេះទាំងស្រុងនោះទេ។ គេជឿថា Samsung នឹងសាកល្បងបំពាក់បច្ចេកវិទ្យានេះម្ដងទៀតនៅលើ Galaxy Note 9 ដែលទំនងនឹងបង្ហាញខ្លួននៅខែសីហា ឆ្នាំក្រោយ៕